រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនខូហ្វី ខូហ្វី និងក្លឹបបាល់ទាត់បឹងកេត បានចុះហត្ថលេខាក្នុងកិច្ចសហការរួមគ្នារវាង ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា និងការប្រកួតប្រជែងនៅតំបន់និងជាសកល ជាពិសេសព្រឹត្តិការណ៍អាស៊ានក្នុងឆ្នាំ ២០២៣ (SEA Games 2023) ខាងមុននេះ ដែលនិងប្រារព្ធឡើងនៅព្រះរាជាណាចក្រកម្ពុជា ។

យោងតាមប្រសាសន៍ លោកស្រី ឈាន ឃីម ជាអគ្គនាយិការ ក្រុមហ៊ុនខូហ្វី ខូហ្វី និងតំណាងឲ្យក្រុមហ៊ុនខូហ្វីទាំងមូល លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលក្រុមហ៊ុន ខូហ្វី និងក្លឹបបាល់ទាត់បឹងកេត ចុះហត្ថលេខាក្នុងកិច្ចសហការនាថ្ងៃនេះ។

លោកស្រី ឈាន ឃីម បានបន្តថា៖ «ដោយបានមើលឃើញពីចក្ខុវិស័យដូចគ្នានិងរួមគ្នា ក្នុងការលើកស្ទួយមុខមាត់ជាតិនិងផលិតផលជាតិ យើងសង្ឃឹមយ៉ាងមុតមាំថា កីឡាករបាល់ទាត់កម្ពុជានឹងអាចឈានទៅមុខ និងរីកចំរើនបានមួយកម្រិតទៀត  និងសំណូមពរដល់ប្រជាជនកម្ពុជា ចូលរួមលើកស្ទួយវិស័យកីឡាជាតិ ដើម្បីកិត្យានុភាព និងមោទនភាពលើឆាអន្តរជាតិ» ។

ក្នុងកិច្ចសហការនេះផងដែរត្រូវបានធ្វើឡើងនៅស្នាក់ការក្រុមហ៊ុន ខូហ្វី ផ្ទាល់ និងមានភ្ញៀវកិត្តិយស  ដែលជាប្រធានក្លិបបាល់ទាល់ និងកីឡាករ ជាច្រើនរូបផងដែរ ។

​តាមរយៈអ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានឱ្យដឹងថា៖ «ខ្ញុំពិតជាសេចក្តីត្រេកអរយ៉ាងខ្លាំងដែលមានក្រុមហ៊ុនក្នុងស្រុកបានជួយគាំទ្រ ព្រោះមិនងាយមានទេដែលក្រុមហ៊ុ​ននៅក្នុងស្រុករបស់យើងដែលចូលរួមអភិវឌ្ឍន៍បាល់ទាត់អោយរីកចំរើនដូចស្រុកគេ» ។

អ្នកស្រី ពុធ ធីតា បានបន្តថា តាមពិតទៅក្លិបបឹងកេតមានគោលដៅសម្រាប់អភិវឌ្ឍន៍យុវជន ហើយយើងក៏មានសាលាបង្រៀនកុមារៗ ចាប់ពីមូលដ្ឋានគ្រឹះរបស់បាល់ទាត់នៃក្លិបរបស់យើងផងដែរជារៀងរាល់សប្តាហ៍។ នៅក្លិបបឹងកេតភាគច្រើនជាយុវជន នេះគឺជាចំណែកមួយនិងគោលដៅច្បាស់លាស់ ដែលត្រូវការជំរុញយុវជនរបស់យើងជាផ្នែកមួយជួយដល់ក្រុមជំរើសជាតិរបស់យើង ។

គួររម្លឹកផងដែរថា ក្រុមហ៊ុន ខូហ្វី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដែលបាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា។ យើងជាក្រមហ៊ុនក្នុងស្រុកធំជាគេដែលមានបំណង់អភិវឌ្ឍន ម៉ាក់កាហ្វេដែលផលិតបានទៅកាន់ទីផ្សារអន្តរជាតិរួមមាន កាហ្វេអរុណ សាយ័ណ្ហ គិរី និងសាគរ ដែលជាកាហ្វេសម្រាប់អាជីវកម្ម រួមទាំង ​វាយោ និងវេហា​ដែលជាកាហ្វេសម្រាប់ការទទួលទានតាមគេហដ្ធាន និងការិយាល័យ។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុនខូហ្វី បាននិងកំពុងចែកចាយម៉ាស៊ីនឆុងកាហ្វេនិងគ្រឿងផ្សំផ្សេងៗ រួមទាំងសេវាកម្មរបស់យើងគ្របដណ្តប់ទូទាំងផ្ទៃប្រទេស តាមរយៈសាខាចំនួន៤រួមមាន៖ រាជធានីភ្នំពេញ  ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ សម្រាប់គម្រោងនាពេលអនាគត យើងមានគម្រោងពង្រីកសាខារបស់យើងនៅខេត្តកំពត និងតំបន់ដែលកំពុងលូតលាស់ផ្សេងទៀត ដើម្បីធានាបាននូវការគាំទ្រអោយកាន់តែមានប្រសិទ្ធិភាព សម្រាប់ដៃគូរអាជីវកម្មរបស់យើង ៕